Home ព័ត៌មានអន្តរជាតិ

រថភ្លើងបុកគ្នា ស្លាប់ និងរបួស ជិត២០០នាក់

ចែករំលែក

ប្រទេសអេហ្ស៊ីប៖ រថភ្លើងពីរខ្សែបានបើកបុកគេពេញទំហឹង បណ្ដាលឲ្យមនុស្សយ៉ាងហោចណាសចំនួន ៤៩នាក់ បានស្លាប់បាត់បង់ជីវិត និង ១០០នាក់ផ្សេងទៀតរងរបួសយ៉ាងដំណំ ដែលករណីដ៏រន្ធត់នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅក្នុងទីក្រុង Alexandria តាមបណ្តោយ​ឆ្នេរ​ភាគខាងជើង នៃប្រទេស​អេហ្ស៊ីប ។

យោងតាមសារព័ត៌មាន CGTN របស់ប្រទេសចិន ដែលដកស្រង់សម្ដីរបស់មន្ត្រីក្រសួង​សុខាភិបាល​​អេហ្ស៊ីប បានឲ្យដឹងថា ហេតុ​ការណ៍គ្រោះថ្នាក់​ដ៏រន្ធត់នេះ បង្កឡើង ដោយ​រថភ្លើងលេខ១៣ បើកបរក្នុងទិសដៅពីរដ្ឋធានីគែរ ឆ្ពោះទៅកាន់​ទីក្រុង Alexandria ។ លុះពេលរថភ្លើងនេះ បើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគូទរថភ្លើងមួយគ្រឿង​ផ្សេងទៀត​ពាក់ស្លាកលេខ៥៧១ ដែលបើកមកពីទីក្រុង Port Said ឆ្ពោះទៅកាន់​ទីក្រុង Alexandria ពេញទំហឹង ធ្វើឲ្យរថភ្លើង ខ្ទាតខុសផ្លូវ បណ្ដាលឲ្យមនុស្សចំនួន ៤៩នាក់ស្លាប់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតរងរបួសធ្ងន់។

ទោះជាយ៉ាង នៅពេលនេះ អាជ្ញាធរ នៃប្រទេសអេហ្ស៊ីប កំពុងតែស៊ើបអង្គេតអំពីករណីនេះ នៅឡើយ៕ សហការី KBN