Home ព័ត៌មានជាតិ

ដូចជាលឿនពេកហើយ….ក្មេងស្រី រត់លេងចំពប់ជើងដួល បោកក្បាលស្លាប់…

ចែករំលែក

ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់​ ទើបនឹងចេញពីបន្ទប់រៀន ក៏រត់លេងជាមួយនឹងមិត្តភក្តិ ស្រាប់តែជួបនឹងគ្រោះ​អកុសល​ចំពប់ជើងដួលបោកនឹងបង់ថ្ម បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង១០ និង​១៣​នាទី​ព្រឹក ថ្ងៃទី១១ ខែសីហា នៅក្នុង​បរិវេណ នៃ​សាលា​បឋម​សិក្សា​ជង្រុក ស្ថិតក្នុង​ភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្រ្ដីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ ឡុញ ស្រីវេត អាយុ១៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សថ្នាក់ទី៥(ខ) រស់នៅភូមិត្រពាំងអណ្តែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកគ្រូបង្រៀនប្រាប់ទីតាំងដែលក្មេងស្រីរត់បុក និងសកម្មភាពរបស់សមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ

បើតាមសម្ដីរបស់សាក្សី ឈ្មោះ ឆន អង្គារណារា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាគ្រូបង្រៀន នៃសាលាបឋមសិក្សាជង្រុក និង​រស់នៅភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក​ ថ្ងៃ​កើតហេតុ លោកបានឲ្យកូនសិស្សចេញលេងមួយសន្ទុះធំ ស្រាប់តែមានកូនសិស្ស រត់ទៅប្រាប់លោកថា ឈ្មោះ ឡុញ ស្រីវេត បានរត់ចំពប់ជើងដួល បោកទៅលើជ្រុងបង់ថ្មចំបំពង់ក បណ្ដាលឲ្យរងរបួសធ្ងន់។ ឮបែបនេះ លោកក៏បានរត់ទៅលើក​ជនរងគ្រោះ ឃើញនៅមានដង្ហើមតិចៗ ហើយក៏ស្រែកហៅលោកគ្រូៗ ឲ្យជួយដឹកនាងទៅមន្ទីរពេទ្យ។ ភ្លាមៗនេះ ក៏ទាក់​ទងទៅរថយន្តសង្គ្រោះ​បន្ទាន់​របស់គ្លីនីកឯកជន ជន សំអាត នៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល។ ប៉ុន្តែនៅពេ​ល​​បញ្ជូនទៅដល់គ្លីនិក គ្រូពេទ្យមកពិនិត្យ ក៏ប្រាប់ថាជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីនគរបាលជំនាញក៏បានចុះទៅពិនិត្យ និងធ្វើ​កោសល្យវិច័យ រួចហើយ​បញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ ដោយសារការដួលបោកនឹងបង់ថ្មប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចក៏បានប្រគល់​សាកសពទៅឲ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សហការី KBN