Home Press Realease

ក្រុមហ៊ុនសែលកាតទទួលបានពានរង្វាន់អាស៊ាន CIO AWARDS 2017

ចែករំលែក

ភ្នំពេញ៖ កាលពីថ្ងៃទី ១០​តុលា កន្លងទៅនេះ លោក លឹម សុខសុផៃ នាយកផ្នែកព័ត៌មានវិទ្យារបស់សែលកាតមានកិត្តិយស ទទួលបានពានរង្វាន់ជាអ្នកដឹកនាំដ៏ឆ្នើមបំផុតម្នាក់ក្នុងវិស័យព័ត៌មានវិទ្យា និងសន្តិសុខព័ត៌មាន នៅក្នុងកម្មវិធីអាស៊ាន CIO Awards​ (Chief Information Officers) ឆ្នាំ 2017 ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់អាស៊ាន CIO គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលរៀបចំឡើងដោយ IDG (The International Data Group) អាស៊ាន ដែលប្រមូលផ្តុំមេដឹកនាំលើវិស័យព័ត៌មានវិទ្យា និងសន្តិសុខព័ត៌មាន ដែលកំពុងមានឥទ្ធិពលនៅក្នុងអង្គភាព និងសហគមន៍របស់ខ្លួន។ ក្នុងនោះមានវិស័យហិរញ្ញវត្ថុ អប់រំ សុខភាព និង ទូរគមនាគមន៍។ ពានរង្វាន់នេះគឺ ផ្ដល់ឲ្យដល់សមិទ្ធផលណាដែលឆ្នើម និងមានភាពប៉ិនប្រសប់ ក្នុងការទ្រទ្រង់អាជីវកម្ម កាត់បន្ថយហានិភ័យអាជីវកម្ម និងបង្កើនឱកាសអាជីវកម្មនៅក្នុងសហគ្រាស ទាំងសហគ្រាសរបស់រដ្ឋ និងឯកជន។

ការវាយតម្លៃរបស់បេក្ខជនគឺ ផ្អែកលើលក្ខណៈវិនិច្ឆ័យ ដែលមាន 3 កម្រិត គឺ “ល្អណាស់’’ (3 ពិន្ទុ) “ល្អ” (2 ពិន្ទុ) និង “មធ្យម” (1 ពិន្ទុ) ហើយ លក្ខខណ្ឌក្នុងការវាយតម្លៃពានរង្វាន់អាស៊ាន CIO គឺមានចំណុចសំខាន់ៗដូចជា: មាត្រដ្ឋាននៃអង្គភាព សមត្ថភាពនិងបទពិសោធន៍របស់បេក្ខជន បទបង្ហាញពីគម្រោងនិងផលវិបាក រួមជាមួយនឹងទំនួលខុសត្រូវសង្គម​ ដោយមានក្រុមគណៈកម្មការធ្វើការកាត់សេចក្ដីនៅវគ្គផ្ដាច់ព្រ័ត។

ឆ្នាំនេះ ពិធីប្រគល់ពានរង្វាន់អាស៊ាន CIO បានប្រារព្ធឡើង កាលពីថ្ងៃទី ០6 ខែតុលាឆ្នាំ 2017 នៅសណ្ឋាគារ Melia Hanoi ប្រទេសវៀតណាម។ ជាមួយនឹងបទពិសោធន៍ការងាររយៈពេល 14 ឆ្នាំ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា លោកលឹម សុខសុផៃ នាយកផ្នែកព័ត៌មានវិទ្យារបស់សែលកាត បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្រុមហ៊ុនសែលកាតតាំងពីឆ្នាំ 2003 ជាអ្នកហាត់ការផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ហើយលោកបានបន្តបង្ហាញពីភាពខ្លាំងរបស់ខ្លួនរហូតក្លាយជាថ្នាក់ដឹកនាំកម្រិតខ្ពស់មួយរូបនៅក្នុងស្ថាប័ន ដែលបច្ចុប្បន្ននេះលោកជានាយកផ្នែកព័ត៌មានវិទ្យានៃក្រុមហ៊ុនសែលកាត។

លោកលឹម សុខសុផៃ នាយកផ្នែកព័ត៌មានវិទ្យារបស់សែលកាត បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ពានរង្វាន់អាស៊ាន CIO Awards ឆ្នាំ 2017 គឺជាសមិទ្ធផលមួយដែលខ្ញុំគិតថាវាពិតជាអស្ចារ្យ ហើយវាមិនមែនជាសមិទ្ធផលរបស់ខ្ញុំតែម្នាក់នោះទេ ប៉ុន្តែវាជាការសម្រេចបានសម្រាប់ក្រុមរបស់ខ្ញុំ និងសែលកាតទាំងមូល»។ លោកសុផៃ បានបន្តទៀតថា៖ «ពានរង្វាន់នេះ គឺជាភស្តុតាងនៃសមិទ្ធផលការងារដ៏អស្ចារ្យ និងប្រកបដោយភាពច្នៃប្រឌិតនៃក្រុមព័ត៌មានវិទ្យាទាំងមូលដោយមានការជ្រោមជ្រែង និងលើកទឹកចិត្តពីថ្នាក់ដឹកនាំខាងលើរបស់ក្រុមហ៊ុន។ គោលដៅសំខាន់របស់យើង គឺផ្តល់ជូននូវសេវាទំនាក់ទំនងចល័តដ៏ល្អឥតខ្ចោះជាមួយនឹងបទពិសោធន៍ប្រើប្រាស់ដ៏ល្អបំផុតដល់អតិថិជនរបស់យើង»។

ក្រៅពីជ័យលាភីនេះ លោកសុផៃក៏បាននាំមកនូវការទទួលស្គាល់មួយផ្សេងទៀតដល់ក្រុមហ៊ុនសែលកាត និងបង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសែលកាតក្នុងការបន្តបណ្ដុះបណ្ដាលធនធានមនុស្សដែលប្រកបដោយវិជ្ជាជីវៈ ជំនាញ និងឆន្ទៈខ្ពស់។
លោកសុផៃ ប្រាប់ថា៖ «ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមកម្មវិធីឆ្នាំនេះ ហើយជាពិសេសនោះ គឺមានឱកាសនាំយកនូវការទទួលស្គាល់ថ្មីមួយទៀតដល់ក្រុមហ៊ុនសែលកាត» ។

ក្រៅពីពានរង្វាន់នេះ សែលកាត ក៏ធ្លាប់បានឈ្នះពានរង្វាន់ 6 ឆ្នាំជាប់គ្នារួចមកហើយ ជាពានរង្វាន់ក្រុមហ៊ុនឆ្នើមបំផុតនៅអាស៊ី តាំងពីឆ្នាំ 2012 រហូតដល់ឆ្នាំ2017។ ហើយត្រូវបានគេទទួលស្គាល់ជាក្រុមហ៊ុនដែលផ្ដោតសំខាន់លើការវិវឌ្ឍរបស់បុគ្គលិក ព្រមទាំងលើកកម្ពស់ឲ្យមានតុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួន។ ជ័យលាភីពានរង្វាន់អាស៊ានដែលផ្ដល់ឲ្យដោយស្ថាប័នIDGនេះ បានសបញ្ជាក់ពីផលវិជ្ជមាន​ដែលកើតចេញពីថ្នាក់ដឹកនាំគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន។
គួររំលឹកផងដែរថា នាពេលថ្មីៗនេះស្ថាប័ន IDG ក៏បានផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនសែលកាតថាជា “ក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា” នៅក្នុងសន្និសីទ 4G ដែលបានធ្វើឡើងកាលពីខែមិថុនាកន្លងទៅនេះ ។